អ្នកជំនាញលើកឡើងពីកត្តាសំខាន់ៗ ដែលទីផ្សារអចលនទ្រព្យនៅភាគខាងត្បូងរាជធានីមានសកម្មភាពច្រើនជាងគេ

ដោយៈ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា ទីផ្សារអចលនវត្ថុកម្ពុជាបាន និងកំពុងមានសភាពប្រសើរឡើង ពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដោយសារកត្តាមួយចំនួន។

លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ន Amatak Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ស្ថានភាពអចលនទ្រព្យនៅជុំវិញរាជធានីភ្នំពេញ ពិតជាមានសកម្មភាព ទិញ លក់ងើបឡើងវិញខ្លះៗ ប៉ុន្តែតំបន់ដែលគេចាប់អារម្មណ៍ច្រើនជាងគេ ដោយសារជាតំបន់មានព្រលានយន្តហោះថ្មី។

លោកស្រីបន្តថា “សកម្មភាពសាងសង់ឃ្លាំង តំបន់សេដ្ឋកិច្ចពិសេសតំបន់ឧស្សាហកម្មកាន់តែច្រើន នឹងរីកទៅកាន់តំបន់នោះ”។ លោកស្រីបន្តថា “តម្លៃអចលនទ្រព្យមិនទាន់រំពឹង នឹងកើនឡើងឆាប់ៗនោះទេ វាត្រូវការពេលវេលាថែមទៀត”។

ចំណែកអគ្គនាយកក្រុមហ៊ុន Lucky Realty លោក ឌិត ចណ្ណា បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទីផ្សារអចលនទ្រព្យចាប់ផ្តើមងើបឡើងវិញបណ្តើរៗ ពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដោយមានអ្នកវិនិយោគទាំងខ្មែរ និងបរទេស ពិសេសជនជាតិចិនបានឆ្ពោះទៅកាន់តំបន់នោះ។

លោកបញ្ជាក់ថា “ហេតុផលដែលតំបន់ភាគខាងត្បូងរាជធានីមានសកម្ម​ភាពគួរឲ្យចាប់អារម្មណ៍ជាងគេ ដោយសារជាតំបន់ព្រលានថ្មី ដែលបើកដំណើរការឆាប់ៗនេះ ជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ”។ លោកបន្តថា “ការជីកព្រែកហ្វូណនតេជោ និងការបើកដំណើរការព្រលានយន្តហោះថ្មី នឹងធ្វើឲ្យលំនៅដ្ឋាន រផងចក្រ សហគ្រាសកាន់តែច្រើនរីកទៅកាន់តំបន់នោះ”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីពេលថ្មីៗនេះបានលើកឡើងថា ខេត្តតាកែវ នឹងមានសកម្មភាពសាងសង់រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មច្រើននាពេល
អនាគត ហើយក្រុងដូនកែវ នឹងខិតមកកៀករាជធានីភ្នំពេញនាពេលអនាគត។

តាមគំរោងក្រុមហ៊ុនធំមួយ នឹងអភិវឌ្ឍន៍ទីក្រុងរណបធំមួយនៅភាគខាងត្បូងព្រលានយន្តហោះថ្មី ដែលទីក្រុងរណបថ្មីនឹងស្ថិតចំណុចប្រសព្វរវាងស្រុកស្អាង ស្រុកលើកដែក និងក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល៕