តើវាជារឿងគូរឱ្យអស់សំណើចទេដែលប្រធានាធិបតីអាម៉េរិក​ ប្រកាសដាក់ទណ្ឌកម្មចៅក្រម​៤រូបនេះ​នៅ​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC?

ដោយ: តែម សុខុម​

ភ្នំពេញ: តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (The Hague) ប្រទេសហូឡង់ ដែលមាន១២៥ប្រទេសជាសមាជិក ត្រូវបានបង្កើតឡើងក្នុងគោលបំណង​​ផ្តល់ក្តីសង្ឃឹម និងស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះរាប់លាននាក់ទូទាំងពិភពលោក ដែលទទួល​រងអំពើឃោរឃៅយង់ឃ្នងហួសពីការស្មាន។ ​

ដូចនេះ ​តើវាជារឿងគូរឱ្យអស់សំណើចទេ ដែលប្រធានាធិបតីអាម៉េរិក​ លោក ដូណាល់ ត្រាំ បាន​ប្រកាសដាក់ទណ្ឌកម្ម​លើ​​ចៅក្រម​៤រូបនេះ​នៅ​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិICC?។

ជាការពិតណាស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧ របស់​សហ​រដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតរបស់ពិភពលោក ច្រើនតែ​ធ្វើអ្វីប្លែកៗ ដែលធ្វើឱ្យពិភពលោក​​​​ភ្ញាក់​ផ្អើលជាហូរហែរ ហើយ​​កាលពីថ្ងៃព្រហស្បិ៍ ទី៥ ខែ​មិថុនា លោក​បាន​​ធ្វើឱ្យពិភពលោកភ្ញាក់​ផ្អើលជាថ្មីទៀត​ហើយ នៅពេល​ដែល​រដ្ឋបាល​របស់លោក ​សម្រេចដាក់ទណ្ឌកម្ម​លើ​​ចៅក្រម៤រូបនេះ ​នៅ​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ នេះ​បើ​យោងតាមការចុះផ្សាយ​របស់សារព័ត៌មាន Nikkei Asia នៅថ្ងៃសុក្រ ទី៦ ខែមិថុនា។

ក្រុមអ្នកឃ្លាំមើលស្ថានការណ៍យល់​ថា ចំណាត់​ការ​នេះ​ទំនងជាការសងសឹក ចំពោះ​តុលាការ​អន្តរជាតិមួយ​នេះ ដែល​ធ្លាប់​បាន​ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល ​លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងដែលធ្លាប់​បាន​​បើកសវនាការជំនុំជម្រះ សំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាម​មួយ ដែលប្រព្រឹត្តដោយទាហានអាម៉េរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានចេញសេចក្តីថ្លែងការណ៍ថា ក្រុងវ៉ាស៊ីនតោន បានសម្រេច​ដាក់ទណ្ឌកម្ម លើ​​ចៅក្រមចំនួន​​៤រូបនេះ ​នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC រួមមាន ​ចៅក្រម​​នៃប្រទេសអ៊ូហ្គង់ដា ចៅក្រមនៃប្រទេសប៉េរូ ចៅក្រមនៃប្រទេសបេនីន (Benin) និងចៅក្រម​នៃប្រទេសស្លូវេនី។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក រូប​នេះ​​បាន​​​លើកឡើង​តាមរយៈសេចក្ដីថ្លែងការណ៍​ខាង​លើ​ថា ចៅក្រម​នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ទាំង៤រូបនេះ​ បាន​​​​ចូលរួមក្នុងបណ្ដឹងដ៏អយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ប្ដឹង​សហរដ្ឋអាម៉េ​រិក និងប្រទេសអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

លោកបានបន្ថែមថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិICC មានភាពលម្អៀងផ្នែកនយោបាយ ហើយ​បាន​អះអាង​ទាំង​ខុសឆ្គង​ថា ខ្លួនមានអំណាច ឬ យុត្តាធិការគ្មានដែនកំណត់ ក្នុងការបើកការស៊ើបអង្កេត ធ្វើការ​ចោទប្រកាន់ និងកាត់ទោសជនជាតិអាម៉េរិក និង​បណ្ដាសម្ព័ន្ធមិត្តរបស់សហ​រដ្ឋអាម៉េរិក​។

ទណ្ឌកម្មទាំងនេះ រួម​មាន ​ទាំងការបង្កកប្រតិបត្តិការហិរញ្ញវត្ថុរបស់ចៅក្រមទាំងនេះ នៅតាមធនាគារនានា ដែល​មានទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ឬការធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាម៉េរិក ពោលគឺធ្វើឱ្យចៅក្រមទាំង​នេះ ពិបាកនឹងប្រើប្រាស់ប្រព័ន្ធធនាគារអន្តរជាតិ ដែល​​ភ្ជាប់ទៅនឹងប្រាក់ដុល្លារអាម៉េរិក។

ជាការឆ្លើយតប តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ​បានថ្កោលទោស​​ការដាក់ទណ្ឌកម្ម​នេះ ដោយនិយាយថា ទង្វើ​នេះជាការប៉ុនប៉ងបំផ្លាញឯករាជភាព នៃស្ថាប័នតុលាការអន្តរជាតិ ដែលផ្តល់ក្តីសង្ឃឹម និងយុត្តិធម៌ដល់ជនរងគ្រោះ រាប់លាននាក់នៃអំពើឃោរឃៅយង់ឃ្នងហួសពីការស្មាន៕