ដោយ: តែម សុខុម
ម៉ាឡេស៊ីៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងថា ពាណិជ្ជកម្មគឺមានសារៈសំខាន់ណាស់ សម្រាប់រក្សាស្ថិរភាពរបស់តំបន់អាស៊ាន ដែលចាំបាច់ត្រូវតែទទួលការការពារពីការរឹតបន្តឹងពាណិជ្ជកម្ម តាមទំនើងចិត្តយ៉ាងអយុត្តិធម៌។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលឆ្នាំនេះមានវ័យ៧៨ឆ្នាំទៅហើយបានព្រមានក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនថា ការរាំងស្ទះដល់ពាណិជ្ជកម្ម មិនត្រឹមតែជះផលប៉ះពាល់ ដល់ស្ថិរភាពរបស់តំបន់ប៉ុណ្ណោះទេ ពោលគឺប៉ះពាល់ ដល់ស្ថិរភាពរបស់ពិភពលោកទាំងមូល។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានឆ្លាស់វេនរបស់អាស៊ាន សម្រាប់ឆ្នាំនេះ បានលើកឡើងទៀតថា អាស៊ាន ផ្តល់តម្លៃលើពាណិជ្ជកម្មថាជាផ្នែកដ៏សំខាន់មួយ នៃស្ថិរភាពក្នុងតំបន់។
លោកបានសង្កត់ធ្ងន់ថា “ពាណិជ្ជកម្ម ត្រូវតែទទួលបានការការពារពីការរឹតបន្តឹង តាមទំនើងចិត្តដោយមិនត្រឹមត្រូវ ហើយថា ការរឹតបន្តឹងពាណិជ្ជកម្មតាមទំនើងចិត្តបែបនោះ មិនមែនជាការប្រកួតប្រជែងដោយត្រឹមត្រូវ និងយុត្តិធម៌ដោយផ្អែក លើមូលដ្ឋានច្បាប់ពាណិជ្ជកម្មអន្តរជាតិនោះឡើយ”។
នាយករដ្ឋមន្ត្រីទី១០របស់ម៉ាឡេស៊ី រូបនេះបានបន្ថែមទៀតថា ពាណិជ្ជកម្មរឹងមាំ នាំទៅរកស្ថិរភាព ហើយប្រសិនបើពាណិជ្ជកម្មរងគ្រោះហើយនោះ ផលប៉ះពាល់អាចនឹងរីករាលដាល លើសពីតំបន់មួយ៕
