តើកត្តាចម្បងអ្វីខ្លះ ជំរុញឱ្យប្រទេសកាន់​តែច្រើននៅអាស៊ី ពន្លឿនការធ្វើបដិដុល្លារនីយកម្ម?

​ដោយ: តែម សុខុម

ភ្នំពេញ៖ ប្រទេសកាន់​តែច្រើន​នៅអាស៊ី កំពុ​ងពន្លឿនការធ្វើបដិដុល្លារនីយកម្ម ឬកាត់​បន្ថយការពឹងផ្អែក ​លើ​​ប្រាក់ដុល្លារ​អាម៉េ រិក សម្រាប់​ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ​ តាមរយៈការ​បង្កើត​កិច្ចព្រម​ព្រៀងពាណិជ្ជកម្មថ្មីៗ និងការបង្កើនការវិនិយោគរបស់ខ្លួន​លើទ្រព្យសកម្ម​ផ្សេងៗ ដូច​ជាមាស ប្រាក់យន់ ចិន និងរូបិយប័ណ្ណឌីជីថល ដូចជា Bitcoin ជាដើម។

កត្តាចម្បងៗដែលជំរុញឱ្យប្រទេស​កាន់​តែច្រើន ពន្លឿនការធ្វើបដិដុល្លារនីយកម្មរួមមាន ដូចជា កត្តាទណ្ឌកម្ម កត្តាពន្ធគយ និងកត្តានៃការកើនឡើងភាពតានតឹងទូទាំងពិភពលោក។

​អ្វីដែលជាការកត់សម្គាល់ឃើញថា សិង្ហបុរី ឥណ្ឌូណេស៊ី និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលសម្រេចបាន​​វឌ្ឍនភាព​ច្រើន​ជាងគេបំផុត​នៅក្នុង​ការធ្វើបដិដុល្លារ នីយកម្ម​នេះ។ ​នេះ​បើ​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី៣០ ខែឧសភា។

ការសិក្សាថ្មីមួយធ្វើឡើងដោយ Forex Complex ដែលជា Platorm ផ្ដល់​ការអប់រំ និងការវិភាគការជួញដូររូបិយប័ណ្ណអន្តរជាតិបង្ហាញថា ការធ្វើបដិដុល្លារនីយកម្ម កំពុងកើនឡើងគួរឱ្យកត់សម្គាល់នៅអាស៊ី​។

ការសិក្សាថ្មី​នេះ ​​​​​បាន​គូសបញ្ជាក់ពីសូចនាករសំខាន់ៗ ចំនួន៣ នៃបដិដុល្លារនីយកម្មនេះ​ ដោយទី១ ការ​កាត់បន្ថយចំណែកប្រាក់​ដុល្លារ​អាម៉េរិក នៅក្នុងទុនបម្រុងរបស់ជាតិ ទី២ ការ​​បង្កើនចំណែក​មាសក្នុងទុនបម្រុងរបស់ជាតិ និង​ទី៣ ​ការប្រើប្រាស់រូបិយប័ណ្ណផ្សេងៗកាន់​តែច្រើនឡើង នៅក្នុ​ងការទូទាត់ពាណិជ្ជកម្ម​ទ្វេរភាគី។

លោកគ្រីស ឡច (Chris Lodge) អនុប្រធានក្រុមហ៊ុន​កម្រៃជើងសារ​ជួញដូររូបិយប័ណ្ណ​បរទេស FXTM បាន​លើ​កឡើង​ថា បណ្តាប្រទេសនៅអាស៊ី ចង់​កាត់​បន្ថយការពឹងផ្អែក លើប្រាក់ដុល្លារអាម៉េរិក ជាពិសេសដោយសារតែ​កត្តាទណ្ឌកម្ម កត្តាពន្ធគយ និងកត្តានៃការកើនឡើងភាពតានតឹងទូទាំងពិភពលោក។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់​ថា ខណៈដែលប្រាក់ដុល្លារ​អាម៉េរិក នៅតែបន្តឈានមុខគេ ​នៅក្នុងការទូទាត់ពាណិជ្ជកម្ម​អន្តរជាតិ​​ទូទាំង​ពិភពលោក​ ដោយប្រាក់​ដុល្លារ​អាម៉េរិក ត្រូវ​បាន​​ប្រើប្រាស់​ស្ទើរ​តែពាក់​កណ្ដាល ​​នៃការទូទាត់​តាមប្រព័ន្ធទូទាត់​អន្តរជាតិSWIFT និងជាង៨០% នៃការជួញដូររូបិយប័ណ្ណបរទេស ប្រទេសកាន់​តែច្រើនឡើង​នៅ​តំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងក្នុងចំណោមប្រទេសក្នុងប្លុកប្រទេស BRICS កំពុង​ងាកទៅប្រើប្រាស់​រូបិយប័ណ្ណផ្សេងជាជាងប្រាក់​ដុល្លារអាម៉េរិក កាន់​តែសម្បូរបែប។ ​

លោកបានបន្ថែមថា នៅអាស៊ី ប្រតិបត្តិការ​ទូទាត់ពាណិជ្ជកម្មទ្វេភាគី​កាន់តែច្រើនឡើង កំពុងត្រូវបានធ្វើឡើងជាប្រាក់យន់ របស់មហាយក្សចិន បន្ទាប់មកគឺប្រាក់អឺរ៉ូ និងបន្ទាប់​មកទៀតគឺប្រាក់​ដឺហែម (Dirham) នៃប្រទេស​អេមីរ៉ាតអារ៉ាប់រួម៕