តើកត្តាអ្វីជំរុញឱ្យហ្វីលីពីន ឈោងចាប់ទីផ្សារថ្មីៗរួមទាំងកម្ពុជា ដោយកាត់បន្ថយការនាំចូលអង្ករពីវៀតណាម?

ដោយ: តែម សុខុម​

ភ្នំពេញ: ប្រទេសហ្វីលីពីន ដែលជាអ្នក​នាំចូលអង្ករធំជាងគេបំផុត​លើពិភពលោក​ កំពុង​សម្លឹងឈោងចាប់ទីផ្សារថ្មីៗ ​រួមទាំ​ង​កម្ពុជា ​ផងដែរដើម្បីកាត់បន្ថយការនាំចូលអង្ករ ពីប្រទេសវៀតណាម ដែលជាអ្នក​ផ្គត់​ផ្គង់អង្ករដ៏ធំបំ​ផុតរបស់ខ្លួន។

មន្រ្តីហ្វីលីពិនបាននិយាយ​​ថា ការសម្លឹងឈោងចាប់ទីផ្សារថ្មីៗនេះ គឺរក្សាស្ថិរភាពតម្លៃ និងស្ថិរភាពនៃការផ្គត់ផ្គង់​។ នេះបើ​យោងតាមការចុះផ្សាយ របស់សារព័ត៌មាន Business Times កាលពីថ្ងៃច័ន្ទ ទី០២ ខែមិថុនា។

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រានស៊ីស្កូ ទីវ ឡូរែល (Francisco Tiu Laurel) បាននិយាយថា ហ្វីលីពីន កំពុងពិភាក្សា ជាមួយក្រុមហ៊ុននាំចូលឯកជន​នានា អំពីការទិញអង្ករពីប្រទេសឥណ្ឌា ប៉ាគីស្ថាន មីយ៉ាន់ម៉ា និង​កម្ពុជា ហើយក៏កំពុងស្វះស្វែងចុះកិច្ច​ព្រមព្រៀង ជាមួយប្រទេសឥណ្ឌូនេស៊ី និងថៃ ផងដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន និយាយថា បច្ចុប្បន្នវៀតណាម ​ផ្គត់ផ្គង់រហូតដល់ទៅ៩០% នៃការនាំចូលអង្ករសរុបរបស់​ប្រទេស​ហ្វីលីពីន ហើយ​ថា វាមានហានិភ័យខ្ពស់ណាស់ ប្រសិនបើមានបញ្ហាផ្គត់ផ្គង់ណាមួយ​កើតឡើង។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ឱ្យដឹងថា ​តម្លៃអង្ករវៀតណាម នាពេលថ្មីៗនេះ បានហក់ឡើងដល់កម្រិតខ្ពស់បំផុត​មិនធ្លាប់​មាន ​ក្នុងរយៈពេល៣ខែ​មក​នេះដោយសារតម្រូវការកើនឡើង។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos) ​បាន​លើកឡើងថា ការធ្វើឱ្យតម្លៃចំណីអាហារ ធ្លាក់ចុះទាបគឺជាកិច្ចការដ៏សំខាន់។ រដ្ឋាភិបាលរបស់លោកបានកាត់បន្ថយពន្ធនាំចូលអង្ករ ពី៣៥%​មក​នៅ​ត្រឹម១៥%កាលពីឆ្នាំមុន ហើយ​បានប្រកាសអាសន្ន សន្តិសុខស្បៀ​ង​កាលពីអំឡុងខែកុម្ភៈ។

លោកបញ្ជាក់ថា “វិធានការទាំងនេះ បានជួយ​កាត់បន្ថយអតិផរណាឱ្យធ្លាក់ចុះ ដល់កម្រិតទាបបំផុត ​មិនធ្លាប់​មាន​ចាប់តាំងពីឆ្នាំ២០១៩ មក”។

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន រំពឹង​​ថា ប្រទេសហ្វីលីពីន នឹងនាំចូលអង្ករ មិនឱ្យលើសពី៤,៥លានតោ​ន នោះឡើយសម្រាប់ឆ្នាំ២០២៥​ នេះ​ បើធៀបនឹងចំនួន​៥,៤លានតោនដែល​ត្រូវបានព្យាករដោយក្រសួងកសិកម្មអាម៉េរិក៕