ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានលើកទឹកចិត្ត និងជម្រុញឲ្យអ្នកធុរកិច្ចកាណាដាពង្រីកការវិនិយោគមកកាន់កម្ពុជា។

លោកជំទាវបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតជូន លោក Dominic Jacques អនុប្រធានធនាគារជាតិនៃកាណាដា និងជាតំណាងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញវិស័យធុរកិច្ចកម្ពុជា-កាណាដាឲ្យកាន់តែរីកចម្រើន តាមរយៈការផ្គូរផ្គងធុរកិច្ច និងការបង្កើតមជ្ឈមមណ្ឌលពាណិជ្ជកម្មឯកជននៅកាណាដា។
ឆ្លៀតក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្របសម្រួលនិងបង្កើតបរិយាកាសល្អ សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឲ្យវិនិយោគគិនកាណាដា មកវិនិយោគបន្ថែមទៀត ដោយចាត់ទុកកម្ពុជា ជាទីតាំងសក្តានុពល ដើម្បីពង្រីកបណ្តាញធុរកិច្ចក្នុងតំបន់៕