ក្រុមហ៊ុនលំដាប់យក្សរបស់ជប៉ុន ចាត់ទុកកម្ពុជា ជាគោលដៅវិនិយោគដ៏ល្អ

ដោយៈ សិរី វង្ស

ជប៉ុនៈ សម្តេចមហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., និងសហការី ចូលជួបសម្ដែងការគួរសម។

ជំនួបនេះ ធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ​​ ពីថ្ងៃទី២៨-៣១​ ខែឧសភា​ ឆ្នាំ២០២៥​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចមហា​បវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួប​សម្តែង​ការ​គួរសម និងបានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាព​អា​ជី​វកម្ម របស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea​ (Cambodia)។

លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចមហាបវរធិបតីអំពីវឌ្ឍនភាព នៃការពង្រីកប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន ដោយបច្ចុប្បន្ន ក្រុម​ហ៊ុនបានផ្តល់ឱកាសការងារជាង ២,០០០កន្លែង និងគ្រោងជ្រើស​រើស​ពលរដ្ឋបន្ថែមទៀត ចូលបម្រើការងារជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រា​បជូន​សម្តេច​បវរធិបតី អំពីដំណើរការសាងសង់រោងចក្រថ្មី របស់ក្រុមហ៊ុន ដែល​គ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ។

លោកប្រធានក្រុមហ៊ុន ក៏បាន​គូស​បញ្ជាក់បន្ថែមថា “កម្ពុជាគឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ”។
ជាការឆ្លើយតប សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ និង​សោមនស្សដែលបានជួប លោកប្រធានក្រុមហ៊ុន និងសហការីជាថ្មីម្ដង​ទៀត។

សម្តេចមហាបវរធិបតីបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន ក៏ដូចជា ការពង្រីកប្រតិបត្តិការអាជីវកម្ម ជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា។

សម្តេចបញ្ជាក់ថា “ភាពជោគជ័យនេះ មិន​ត្រឹមតែបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បាន​ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ​ និងលើកកម្ពស់ជីវភាព​របស់​ប្រជាពលរដ្ឋកម្ពុជាផងដែរ”។

សម្តេចមហាបវរធិបតី​ ក៏បានគូស​បញ្ជាក់​អំពីការបន្តដាក់ចេញនូវគោលនយោបាយ ក្នុងការគាំទ្រ និងយកចិត្តទុក​ដាក់​ចំពោះក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងធានានូវបរិយា​កាស​វិនិយោគប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែង​សម្រាប់​វិនិយោគិននៅកម្ពុជា៕