ក្រុមវេទិការដ្ឋ និងវិស័យឯកជន បើកកិច្ចប្រជុំលើបញ្ហាប្រឈមចាស់ ថ្មីចំនួន៥ទាក់ទង “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច”

ដោយៈ ម៉ាល័យ

ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន “ឃ” ផ្នែកនិតិកម្ម ពន្ឋដារ និងអភិបាលកិច្ចនៃវេទិការដ្ឋាភិបាល និងវិស័យឯកជនបានបើកកិច្ចប្រជុំរួមគ្នា ដោយបានលើកឡើងនូវបញ្ហាជាច្រើន។

ប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈ​មចាស់ និងថ្មីមួយចំនួនរួមមាន ១. ពន្ធលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ២ អាករលើតម្លៃបន្ថែម ៣ ការទទួលស្គាល់អំពីពន្ធលើប្រាក់ចំណូល ៤. បុព្វលាបង្គរ (ឬបៀរវត្សនិងបន្ទុកប្រហាក់ប្រហែល ៥ការចេញលិខិតទារបំណុល រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

កិច្ចប្រជុំនៅសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន​ និងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន តំណាងសហព័ន្ធយានយន្តថ្មី ក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធ ក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀត ទាក់ទងនឹងផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ៕